តួនាទីរបស់យើងនៅក្នុងលោកិយ

តួនាទីរបស់យើងនៅក្នុងលោកិយ

ជាការពិតណាស់ អល់ឡោះបានបង្កើតយើងមកដើម្បីធ្វើការគោរពសក្ការៈទៅចំពោះទ្រង់ប៉ុន្តែមិនមែនរាល់ការគោរពសក្ការៈទៅចំពោះទ្រង់នោះទ្រង់ទទួលយកទាំងអស់នោះទេគឺទ្រង់ទទួលយកតែការគោរពសក្ការៈណាដែលអ្នកប្រតិបត្តិបដិបត្តិវាស្របទៅតាមការណែនាំរបស់ទ្រង់ប៉ុណ្ណោះ។ ជាក់ស្តែងនៅក្នុងគម្ពីរអាល់គួរអានអល់ឡោះបានបញ្ជាក់ថា មានមនុស្សជាច្រើនបានធ្វើខុសនៅក្នុងលោកិយប៉ុន្តែគេស្មានថាពួកគេកំពុងតែបានធ្វើទង្វើល្អបំផុត។ អល់ឡោះបានមានបន្ទូលថាៈ
قُلْ هَلْ نُنَبِّئُكُمْ بِالْأَخْسَرِينَ أَعْمَالًا. الَّذِينَ ضَلَّ سَعْيُهُمْ فِي الْحَيَاةِ الدُّنْيَا وَهُمْ يَحْسَبُونَ أَنَّهُمْ يُحْسِنُونَ صُنْعًا﴾ [الكهف : 103-104]﴿
មានន័យថាៈ «(ឱមូហាំម៉ាត់) ចូរអ្នកពោលថាៈ តើពួកអ្នកចង់អោយយើងប្រាប់ពួកអ្នកអំពីពួកដែលខាតបង់ជាងគេពីទង្វើនានា(របស់ពួកគេ)ដែរឬទេ? គឺពួកអ្នកដែលទង្វើទាំងឡាយរបស់ពួកគេបានវង្វេងនៅក្នុងជីវិតលោកិយនេះ ហើយពួកគេគិតថា ពិតប្រាកដពួកគេកំពុងតែសាងនូវអំពោះល្អ»។ (អាល់កះហ្វី : ១០៣-១០៤)

ដើម្បីចៀសវាងពីការខាតបង់និងវិប្បដិសារីនាថ្ងៃបរលោក អ្នកឥស្លាមចាំបាច់ត្រូវតែយកគំរូតាមអ្នកនាំសាររបស់អល់ឡោះក្នុងការគោរពសក្ការៈទៅចំពោះទ្រង់ព្រោះលោកគឺជាអ្នកទទួលបទបញ្ជានិងសារផ្សេងៗពីទ្រង់ដើម្បីផ្សព្វផ្សាយដល់មនុស្សលោកហើយយើងមិនអាចដឹងពីរបៀបរបបត្រឹមត្រូវនៃការគោរពសក្ការៈទៅចំពោះអល់ឡោះដែរប្រសិនបើគ្មានលោកជាគំរូនោះ។ ហេតុនេះ ទើបអល់ឡោះ បានណែនាំយើងអោយយកលោកជាគំរូដោយបន្ទូលរបស់ទ្រង់ថាៈ
لَقَدْ كَانَ لَكُمْ فِي رَسُولِ اللَّهِ أُسْوَةٌ حَسَنَةٌ لِمَنْ كَانَ يَرْجُو اللَّهَ وَالْيَوْمَ الْآخِرَ وَذَكَرَ اللَّهَ كَثِيرًا﴾ [الأحزاب : 21]﴿
មានន័យថាៈ ជាការពិតណាស់ ពួកអ្នកមានអ្នកនាំសាររបស់អល់ឡោះ (មូហាំម៉ាត់)ជាគំរូដ៏ល្អសម្រាប់អ្នកណាដែលជឿជាក់នឹងការជួបអល់ឡោះនិងថ្ងៃបរលោកហើយបានរំលឹកច្រើនទៅចំពោះអល់ឡោះ»។ (អាល់អះហ្សាប : ២១)